សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ធ្វើ​ទស្សនកិច្ច និង​ពិនិត្យ​មើល​អគារ​ទីស្នាក់ការ​កណ្តាល នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ២​រោច ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច និង​ពិនិត្យ​មើល​អគារ​ថ្មី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី សមាជិក សមាជិកា ព្រឹទ្ធសភា និង​ឧត្តម​ក្រុមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើន​ទៀត​។

​សូមជម្រាបថា អគារ​ថ្មី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៦​កន្លង​ទៅ​ថ្មីៗ​នេះ ក្រោម​អធិបតីភាព សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ​នា​ឱកាស​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​លើ​កិច្ចការ​របស់​ជាតិ​របស់​សម្តេច ជា​ការ​ផ្ដល់​កិត្តិយស និង​លើកទឹកចិត្ត
​ជាពិសេស​លើ​វិស័យ​ពន្ធដារ​ជា​ដែល​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការប្រមូល​ចំណូល ក៏ដូចជា​ការលើកកម្ពស់​បរិយាកាស​ធុរកិច្ច តាមរយៈ​ការចូលរួម​អនុវត្ត​យ៉ាង​សកម្ម​នូវ គោលនយោបាយ យុទ្ធសាស្ត្រ និង​កម្មវិធី​កែទម្រង់​មុត​ស្រួច​នានា របស់​រាជរដ្ឋាភិបាល​។

​សមិទ្ធផល​អគារ​ថ្មី និង​ហេដ្ឋារចនាសម្ព័ន្ធ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​មិន​ត្រឹមតែ​ជា​និមិត្តរូប​នៃ​ភាព​រីកចម្រើន​ផ្នែក​រូបវន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​បង្ហាញ​អំពី​ការរីកចម្រើន​នៃ​សមត្ថភាព​របស់​រដ្ឋបាល​សារពើពន្ធ ក្នុង​ការបំពេញ​បេសកកម្ម​ប្រមូល​ចំណូល និង​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព និង​ភាព​ឆ្លាត​វៃ​។

​យោង​តាម​ការ​ឱ្យ​ដឹង ពី​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ពន្ធដារ បានឱ្យដឹងថា អគារ​ថ្មី​នេះ​ត្រូវបាន​រៀបចំ​ដោយ​មាន​ការគិតគូរ​បា​ន​យ៉ាង​ល្អិតល្អន់ ដោយ​មាន​បំពាក់​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ដើម្បី​បម្រើ​ដល់​ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និង​ការធានា សន្តិសុខ​និង​សុវត្ថិភាព​របស់​អគារ គួបផ្សំ​ជាមួយ​រចនាបថ និង​ស្នាដៃ​វប្បធម៌​ខ្មែរ​យ៉ាង​ប្រណីត​។ អគារ​នេះ​ត្រូវបាន​រៀបចំ​ដោយ​មាន​មុខងារ​គ្រប់​ជ្រុងជ្រោយ ដែល​អាច​បម្រើ ដល់​គ្រប់​តម្រូវការ​របស់​អ្នកប្រើប្រាស់ ទាំង​ការបំពេញ​ការងារ ការ​មក​ទទួល​សេវា​ពន្ធដារ និង​ការ ទទួលបាន​សេវា​គាំទ្រ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​សំណេះសំណាល​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសាងសង់​អគារ​ថ្មី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ស្រប​ទៅតាម​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ និង​កត្តា​សុខសន្តិភាព​។ សម្ដេច​ក៏​បាន​កោតសរសើ​រ​ផងដែរ​ចំពោះ ចំពោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​នៅ​ពេល​នេះ​។

​នៅ​ព្រឹក​នេះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​យក ទីតាំង​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មី ដែល​ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ជាទី​តាំង​សម្រាប់​ការរៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​របស់​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា នៃ​កិច្ចប្រជុំ​កំពូល​ប្រទេស​និយាយ​ភាសា​បារាំង​(​ហ្វ្រង់​កូហ្វូ​នី​) ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅពេល​ខាងមុខ ដែល​ប្រជុំ​នោះ​នឹងមាន​ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ប្រមាណ​៤០​ប្រទេស​ដែល​ចូលរួម​។​

​សម្ដេច​តេជោ​ថ្លែង​ដោយ​ក្តី​មោទនភាព ចំពោះ​ការវិវឌ្ឍ​នៃ​ការប្រមូល​ពន្ធ​របស់​កម្ពុជា​។
​សម្ដេច​បន្តថា ពី​ដើម​ការបើក​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​កម្ពុជា គឺ​ពិត​វេទនាណាស់​វេទនា​ត្រង់​ថា ប្រាក់ខែ​តិច​ហើយ អត់​មាន​លុយ​បើក​ឱ្យ​មន្ត្រីរាជការ​ទៀត ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មន្ត្រីរាជការ​ក្នុង​មួយ​ខែ​បាន​បើកប្រាក់​រហូត​ទៅ​ដល់​២​ដង និង​ការអនុវត្ត​បើ​ប្រាក់ខែ​តាម​ប្រព័ន្ធ​ធនាគារ​ទៀត ដែល​មាន​ភាពងាយស្រួល​ជាង​ពីមុន​ឆ្ងាយ​ណាស់​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា ប្រសិនបើ​មិន​ធ្វើ​កំណែទម្រង់​ជា​បន្តបន្ទាប់​ទេ នោះ ប្រហែល​ជា​វិស័យ​ពន្ធដារ​យើង​មិន​មាន​ការវិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​ទេ​។

​សូម​រំលឹក​ថា ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​ទីស្នាក់ការ​កណ្តាល​ថ្មី នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​ថ្មីៗ​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់​ថា ចំណូល​ដែល​ត្រូវ​បាន​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​កើន​គួរឱ្យកត់សម្គាល់ ពី​ចំនួន​ត្រឹមតែ​ប្រមាណ ៧៣៨​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១២ កើន​ដល់ ៣៥៧៧ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២៥ កន្លងទៅ ពោល​គឺ​មាន​កំណើន​ជិត ៤​ដង ក្នុង​រយៈពេល ១៣​ឆ្នាំ​ចុងក្រោយ​នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *