ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្តព្រះសីហនុ នេះជា សញ្ញាណបង្ហាញ ពីការបន្តយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋរចនា សម្ព័ន្ធជនបទ។
សកម្មភាពការងារនេះ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការអមដំណើរ ដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
គណៈប្រតិភូបានអញ្ជើញចុះ ទៅកាន់សាលាបឋមសិក្សា និងអនុវិទ្យាល័យ អូរចំណា ដែលមានទីតាំងស្ថិតនៅភូមិបត់គគីរ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្ត ព្រះសីហនុ។ បើតាមការលើកឡើង ពីសមាជិក ក្រុមការងារម្នាក់ បានឱ្យដឹងថា ការចុះ អន្តរាគមន៍នេះ គឺជាផ្នែកមួយ នៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើ សមាហរណកម្ម ការរៀបចំនគរូបនីយកម្ម ឱ្យដើរទន្ទឹមគ្នាជាមួយហេដ្ឋារចនាសម្ព័ន្ធសង្គម។
ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍមូលដ្ឋានអប់រំប្រកបដោយគុណភាព គឺជាសសរស្តម្ភ នៃ(យុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

